វិធីសាស្ត្រធ្វើឲ្យនរណាម្នាក់ជឿលើអ្នក
យើងទាំងអស់គ្នាតែងតែប្រាថ្នាចង់អោយអ្នកដ៏ទៃជឿជាក់លើពួកយើង ជាពិសេសពេលដែលយើងប្រាប់ការពិតទៅគេ ប៉ុន្តែក្នុងករណីខ្លះយើងបរាជ័យក្នុងការបញ្ចុះបញ្ចូលពួកគេអោយជឿយើងណាស់ដោយសារតែយើងខ្វះនូវជំនាញលួងលោមបញ្ចុះបញ្ចូលនឹងឯង។
ជាការពិតណាស់អ្នកពិតជាពិបាកធ្វើឲ្យគេជឿជាក់លើអ្នកណាស់ ទោះបីជាអ្នកនិយាយការពិតប្រាប់ពួកគេក៏ដោយ ចំពោះមនុស្សណាដែលជឿងប់ចំពោះអ្វីមួយក្រៅពីអ្នកបាននិយាយនោះ។ ខ្ញុំជឿជាក់ថាមានមនុស្សមួយចំនួនកំពុងប្រឈមមុខជាមួយបញ្ហានេះ។ ក្នុងអត្ថបទនេះខ្ញុំនឹងប្រាប់អ្នកពីវិធីសាស្រ្តមួយចំនួនដើម្បីជួយអ្នកក្នុងការធ្វើឲ្យមនុស្សមានជឿជាក់លើអ្នក។
ហេតុអ្វីពួកគេមិនជឿជាក់លើអ្នក?
ដើម្បីឲ្យមនុស្សមានជំនឿលើអ្នក ដំបូងបំផុតនោះអ្នកត្រូវដឹងអោយច្បាស់ថាហេតុអ្វីបានជាពួកគេមិនជឿអ្នក។ មានមូលហេតុមួយចំនួនដែលធ្វើអោយពួកគេមិនជឿអ្នក
១. អ្វីដែលអ្នកនិយាយគឺខុសស្រលះពីអ្វីដែលគេដឹង៖ បើសិនជានរណាម្នាក់មិនធ្លាប់ឃើញផ្លែប៉ោមសោះ តើអ្នកងាយស្រួលនិងប្រាប់គេថាផ្លែក្រូចគឺជាផ្លែប៉ោមដែរឫទេ? នោះពិតជាមិនមែនជារឿងងាយស្រួលនោះទេ។ នៅពេលដែលពួកគេមានជំនឿទៅលើអ្វីមួយខ្លាំង ហើយអ្នកចង់ផ្លាស់ប្តូរជំនឿរបស់គេ នោះអ្នកត្រូវតែបន្ថែមជំហានជាច្រើនទៀតក្នុងការបង្វែរគំនិតរបស់គេ។
២. គេគិតថាគេដឹងច្រើនជាងអ្នក៖ វាពិតជាពិបាកណាស់ក្នុងការប្តូរគំនិតអ្នកណាម្នាក់ដែលគេគិតថាគេដឹងច្រើនអំពីរឿងនោះជាងអ្នក។ បើគេគិតថាខ្លួនគេជាអ្នកជំនាញ ហើយគំនិតរបស់អ្នកមិនសមហេតុផលនោះ ពួកគេនឹងមិនជឿអ្នកឡើយ។
៣. អ្នកសង្ស័យ៖ អ្នកដែលចូលចិត្តសង្ស័យច្រើន តែងតែឆ្ងល់គ្រប់រឿងពេលដែលមានរឿងអ្វីថ្មីកើតឡើងចំពោះពួកគេ។ ទាំងនេះជាមូលហេតុដែលអ្នកត្រូវតែរកវិធីជាច្រើនដើម្បីបញ្ចុះបញ្ចូលគេ។
ដើម្បីឲ្យគេជឿជាក់លើអ្នក ចាប់យកជំនឿរបស់គេឲ្យជាប់ និង សំដីលួងលោម
ខាងក្រោមនេះជាវិធីសាស្រ្តដែលអាចប្រើសម្រាប់ឲ្យមនុស្សជឿជាក់លើអ្នក៖
១. ចាប់ឲ្យជាប់នូវជំនឿរបស់គេ៖ អ្នកត្រូវតែមានភាពជឿជាក់នូវអ្វីដែលគេបាននិយាយ ហើយត្រូវបង្ហាញភស្តុតាងអោយបានគ្រប់គ្រាន់ទើបអាចបង្វែរការគិតរបស់ពួកគេបាន។
២. ថាហើយថាទៀត៖ អ្នកអាចធ្វើអោយនរណាម្នាក់ជឿអ្នកទាំងស្រុងបានលុះត្រាតែអ្នកមានភាពអត់ធ្មត់ អ្នកត្រូវចំណាយដើមទុនគឺមាត់របស់អ្នក ដើម្បីនិយាយហើយនិយាយទៀតពីរឿងនោះ ក្នុងគោលបំណងធ្វើឲ្យគេជឿជាក់។
៣. ផ្លាស់ប្តូរអ្វីដែលរារាំងចិត្តរបស់ពួកគេ៖ ពេលខ្លះពួកគេមិនជឿអ្នកដោយសារតែគេមានហេតុផលពីរឫបីយ៉ាងដែលផ្ទុយពីគំនិតរបស់អ្នក។ ដូចនេះអ្នកត្រូវតែសួរគេថា ហេតុអ្វីបានជាគេមិនជឿអ្នក? បន្ទាប់មកគេនឹងប្រាប់អ្នកពីហេតុផលរបស់ពួកគេ នោះអ្នកត្រូវតែរកគន្លឹះដ៏សមហេតុផលមកពន្យល់គេ ដើម្បីអោយគេទទួលយកគំនិតរបស់យើងនិងប្តូរគំនិតរបស់គេមួយនេះ។ អ្នកត្រូវសួរគេរហូតដល់គេអស់ហេតុផលដែលមិនជឿលើអ្នក ហើយអ្នកត្រូវតែបន្ថែមមូលហេតុរបស់អ្នកបន្ថែមទៀត ដើម្បីឲ្យគេកាន់តែជឿជាក់លើអ្នក។
៤. អ្នកសង្ស័យជាមនុស្សដែលល្អ៖ អ្នកដែលសង្ស័យច្រើនគ្រាន់តែចង់បានភស្តុតាងច្រើនពីយើងតែប៉ុន្នោះ។ ដូច្នេះអ្នកត្រូវអត់ធ្មត់ជាមួយពួកគេ ហើយបកស្រាយនូវអ្វីដែលគេចង់ដឹង។
៥. ជឿជាក់លើខ្លួនឯង៖ បើសំលេងរបស់អ្នកហាក់មដូចជាញ័រ ឫ មិនប្រាកដ១០០ភាគរយនូវអ្វីដែលអ្នកកំពុងនិយាយនោះ គេពិតជាមិនជឿអ្នកនោះទេ។ ដូចនេះអ្នកត្រូវតែប្រាកដនូវអ្វីដែលអ្នកនិយាយ មុននិងទៅបញ្ចុះបញ្ចូលអ្នកដ៏ទៃ។
៦. ប្រើកាយវិការ៖ កាយវិការរបស់អ្នកត្រូវតែមានលក្ខណៈដូចជា ខ្នងត្រង់ ប្រើដៃឲ្យច្បាស់ៗ ប្រើភ្នែកមើលឲ្យចំពួកគេ។ ទាំងនេះជាកាយវិការដែលអ្នកត្រូវធ្វើ។
សូមមិត្តអ្នកអានទាំងអស់យកវាទៅអនុវត្ត បើអ្នកខ្វះនូវជំនាញក្នុងការប្តូរជំនឿអ្នកដ៏ទៃ៕
ដកស្រង់ចេញពីៈ http://success.com.kh/?p=2652